សភាពការណ៍ព្រំដែនកម្ពុជា ថៃ ស្ងប់ស្ងាត់ល្អ និងមានផលវិជ្ជមានច្រើន
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំបូកសរុបឆ្នាំ២០១១ នៃទីចាត់ការការងារព្រំដែនអគ្គបញ្ជាការដ្ឋាន នៅទីបញ្ជាការកងអង្គរក្សកាលពីព្រឹកម៉ិញនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមានប្រសាសន៍ថា សភាពការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ ឆ្នាំ២០១១នេះ មានផលវិជ្ជមានច្រើន។
ប៉ុន្តែឯកនាយឧត្តម បានរំលឹក និង ជំរុញថា កងទ័ពទាំងអស់ ត្រូវខិតខំពង្រឹងខឿនការពារជាតិឲ្យមានប្រសិទ្ធភាពនៅគ្រប់កាលៈទេសៈ ពិសេសទីចាត់ការការងារព្រំដែន ត្រូវខិតខំអនុវត្តន៍ការងារតាមតួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីឈានឆ្ពោះទៅរកព្រំដែន ដែលប្រកបដោយសន្តិភាព សុវត្ថិភាព មិត្តភាពនិង ជាតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
ឯកឧត្តម ឧត្តមសេនីយ៍ឯកសៀក សុជាតិ នាយកទីចាត់ការការងារព្រំដែន នៃអគ្គបញ្ជាការដ្ឋានឲ្យដឹងថា លទ្ធផលគួរឲ្យកត់សម្កាល់នេះ ស្តែងចេញជាលទ្ធផលជាបន្តបន្ទាប់ ក្នុងនោះមានការជួបប្រជុំដោះស្រាយបញ្ហាជាមួយគណកម្មាធិការព្រំដែនទូទៅកម្ពុជា ថៃ (GBC)លើកទី៨, ប្រជុំឯកភាពបង្កើតក្រុមការងារចំរុះ(JWG) ពិភាគ្សាដើម្បីអនុវត្តន៍ សាលដីការតុលាការយុត្តិធម៌អន្តរជាតិ(ICJ) និង ប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មការចម្រុះខណ្ឌ័សីមាព្រំដែនគោកកម្ពុជាថៃ(JBC)។
លោកបញ្ជាក់ថា ក្រុមការងារព្រំដែន ក៏បានធ្វើការរុករក និង រកឃើញបង្គោលព្រំដែនកម្ពុជា ថៃចំនួន៤៨បង្គោល លើចំនួនបង្គោលសរុប៧៣ ។ ដោយឡែកបង្គោលលេខ០១ចាប់ពីចំណុចប្រសព្វបីប្រទេស(មុំបី)ដល់បង្គោលលេខ២៣(ទន្លេល្ពៅ)ក្នុងទឹកដីខេត្តព្រះវិហារ ចំប៉ាសាក់មិនទាន់បានបោះនៅឡើយទេ ព្រោះភាគីពាក់ព័ន្ធមានទស្សនៈខ្វែងគំនិតគ្នា។
ចំណែកព្រំដែនកម្ពុជាវៀតណាម បានសហការវាស់វែងនិងឯកភាពគ្នាកំណត់ទីតាំង បង្គោលព្រំដែន នៅលើដីជាក់ស្តែងបានចំនួន២៣៣ទីតាំង លើ៣១៤ទីតាំង ស្មើនឹង២៨១បង្គោលលើ៣៧៥បង្គោល។ ជាមួយប្រទេសឡាវមានបង្គោលព្រំដែនសរុប១៤៥បង្គោល ។
២២.កុម្ភៈ ២០១២

មតិថ្មីៗ